លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា ព្រមទាំងសៀវភៅបញ្ជាក់លក្ខណៈបច្ចេកទេសនាវា ជូនបងប្អូនប្រជានេសាទ ដែលបានមកទទួលសេវា ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា នាងខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងអាជ្ញាធរឃុំ ស្រុក ដែលបានរួមសហការគ្នាកំណត់ទីតាំងផ្តល់សេវាជូនបងប្អូនប្រជា នេសាទនៅមូលដ្ឋាន នេះជាការបង្កលក្ខណៈងាយស្រួលជូនប្រជានេសាទ ឱ្យពួកគាត់ ចំណេញពេលវេលា និងថវិកា នឹងបានកាត់បន្ថយការលំបាករបស់ពួកគាត់ជាច្រើន។ ក្នុងស្រុកស្រែអំបិលនេះ ក្រុមការងារបានកំណត់ទីតាំងសម្រាប់ផ្តល់សេវាជូនដល់ ប្រជានេសាទចំនួន ២កន្លែង គឺ នៅក្នុងឃុំជីខក្រោម និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ចំពោះក្រុង ស្រុកដទៃទៀតក៏យើងបានកំណត់ទីតាំង ពី២ ទៅ ៣កន្លែង ក្នុង០១ក្រុង ស្រុក សម្រាប់បង្កលក្ខណៈងាយស្រួលជូនប្រជានេសាទទៅទទួលសេវាផងដែរ។ ហើយបើគិតមកដល់ពេលនេះ ក្រុមការងារបានបញ្ចប់ការចុះផ្តល់សេវានៅតាមក្រុង ស្រុក រួចហើយដែរ ដូច្នេះសូម អ៊ុំ ពូ អ្នកមីង បងប្អូនប្រជានេសាទទាំងអស់ ដែលពុំទាន់បានធ្វើ ឬស្នើសុំសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា សូមទំនាក់ទំនងមន្ត្រីផ្តល់សេវានៅតាម ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក អង្គភាពច្រកចេញចូលតែមួយខេត្ត និងនៅ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តាមពេលវេលាកំណត់នៅរៀងរាល់ថ្ងៃធ្វើការ។ ដើម្បីទទួលបានប័ណ្ណសម្គាល់នាវា ឬទូកនេសារបស់ខ្លួន ដែលជាលិខិតគតិយុត្តមួយសម្រាប់សម្គាល់នាវា ឬទូកនេសាទមានភាពស្របច្បាប់ងាយស្រួលប្រកបអាជីវកម្ម។ជាមួយគ្នានេះ នាងខ្ញុំសូមស្នើដល់បងប្អូនប្រជានេសាទ ទាំងអស់នូវចំណុចមួយ ចំនួនដូចខាងក្រោម៖-សូមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ចៀសវាងការ ប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ដែលអាចបំផ្លាញដល់ធនធាន ជលផល និងធនធានធម្មជាតិដទៃទៀត។-សូមកុំទៅនេសាទនៅកន្លែងហាមឃាត់មួយចំនួនដូចជា តំបន់សហគមន៍ តំបន់ អភិរក្សធនធានធម្មជាតិ និងតំបន់ត្រីពង...ជាដើម។-សូមចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងសូមចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ដើម្បីឱ្យធនធានធម្មជាតិរបស់យើងអាចប្រើប្រាស់បានដោយយូរអង្វែង ចីរភាព។-សូមបងប្អូនប្រជានេសាទប្រុងប្រយ័ត្នផងដែរចំពោះការចេញទៅនេសាទក្នុង រដូវវស្សានេះ ដែលជារដូវមានភ្លៀងធ្លាក់ច្រើន និងខ្យល់ព្យុះខ្លាំងដែលអាចបង្ក គ្រោះថ្នាក់ដល់បងប្អូន។កន្លងមកលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងនាងខ្ញុំ តំណាងឱ្យលោកជំទាវ បានរៀបចំចែកប័ណ្ណសម្គាល់នាវា និងសៀវភៅទួលពិនិត្យលក្ខណ:បច្ចេកទេសនាវា ជូនបងប្អូនប្រជានេសាទនៅក្នុងក្រុងខេមរភូមិន្ទ បានចំនួន ៦០ប័ណ្ណ និងក្នុងឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា បានចំនួន ១៣៧ប័ណ្ណ នៅឃុំថ្មស ស្រុកបូទុមសាគរ បានចំនួន ១៨៤ប័ណ្ណ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង បានចំនួន ៩៨ប័ណ្ណ និងនៅឃុំកោះស្តេច ស្រុកគីរីសាគរ បានប្រគល់ជូន ចំនួន ២៨៩ប័ណ្ណ ដើម្បីអោយ បងប្អូន អ៊ុំ ពូ មីង ប្រជានេសាទ មានប័ណ្ណ ស្របច្បាប់ត្រឹមត្រូវក្នុងការប្រកបមុខរបរនេសាទរបស់ខ្លួន។ជាក់ស្តែងថ្ងៃនេះ ដោយមានចិត្តចង់ជួប អ៊ុំ ពូ មីង បងប្អូនផង នាងខ្ញុំតំណាងឱ្យ លោកជំទាវ អភិបាលខេត្ត មកចែកប័ណ្ណជូន ចំនួន ១១០ប័ណ្ណ នៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលជាស្រុកចុងក្រោយនៃយុទ្ធនាការ ចុះផ្តល់សេវាប័ណ្ណសម្គាល់នាវា និងការផ្តល់សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាផងដែរ៕
ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ October 11, 2024