ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុក នៃខេត្តកោះកុងនៅសាលប្រជុំ “ឧត្តរមានជ័យ ទីស្តីការក្រសួងមហាផ្ទៃ” កិច្ចប្រជុំខាងលើនេះមានការចូលរួមពីលោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត លោកអភិបាលរងខេត្តកោះកុង ក្រុមការងារជំនាញនាយកដ្ឋាន ក្រុមការងារជំនាញ នៃទីចាត់ការទទួលបន្ទុករៀបចំនិមិត្តសញ្ញាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៤៦នាក់ ស្រី៤នាក់។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកនៃខេត្តកោះកុង មុននឹងដាក់ជូននូវសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុក នៃខេត្តកោះកុង ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមប្រធានអង្គប្រជុំក៏បានមានប្រសាសន៍ណែនាំនូវចំណុចខ្វះខាតមួយចំនួនលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកទាំង៧នៃខេត្តកោះកុង ដោយត្រូវផ្ដោតលើការឆ្លើយតបកត្តាប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការអភិវឌ្ឍ រួមទាំងកត្តាសំខាន់ៗដ៏ទៃផ្សេងទៀតដែលជាស្ថានភាពជាក់ស្ដែងនៃទីតាំងភូមិសាស្រ្តនីមួយៗ។
ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ September 11, 2024