លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធី “ប្រកាសគម្រោង និងចែកសម្ភារសិក្សា អាហារូបករណ៍ និងកង់ ជូនដល់សិស្សានុសិស្សក្រីក្រ និងងាយបោះបង់ចោលការសិក្សា” នៅសាលាបឋមសិក្សាពោធិ៍បឹង។
លោកស្រីអភិបាលរង បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំពិតជាមានក្តីសប្បាយរីករាយ ដែលបានចូលរួមជាមួយឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធី “ប្រកាសគម្រោង និងចែកសម្ភារសិក្សា អាហារូបករណ៍ និងកង់ ជូន ដល់សិស្សានុសិស្សក្រីក្រ និងងាយបោះបង់ចោលការសិក្សា” នាឱកាសនេះ។ ជាមួយក្តីរីករាយនេះ ខ្ញុំសូមជម្រាបជូនឯកឧត្តម រដ្ឋលេខាធិការ មេត្តាជ្រាបថា បច្ចុប្បន្ននេះក្រោមម្លប់សន្តិភាព និងការឯកភាពជាតិពេញលេញ ខេត្តកោះកុងលែងជាខេត្តដាច់ស្រយាលដូចពីមុនទៀតហើយ កោះកុង ក្លាយជាខេត្តដែលមានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យទាំងហេដ្ឋានរចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត។ ចំពោះវិស័យអប់រំវិញក៏មានការអភិវឌ្ឍ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ យើងក៏នៅមានជួបការលំបាកមួយចំនួនដែលត្រូវបន្តសហការដោះស្រាយ ជាពិសេស ក្នុងតំបន់ដាច់ស្រយាលដូចនៅសាលាបឋមសិក្សាពោធិ៍បឹងនេះជាដើម។ បញ្ហាប្រឈមដែលកើតមានចំពោះសិស្សក្រីក្រ និងសិស្សមុខសញ្ញាងាយបោះបង់ការសិក្សានៅតាម សាលាមួយចំនួន គឺជាការព្រួយបារម្ភរួមរបស់យើងទាំងអស់គ្នា ដែលទាមទារឱ្យមានការចូលរួមជាមួយ រាជរដ្ឋាភិបាលពីសំណាក់តួអង្គពាក់ព័ន្ធនានា រួមទាំងអង្គការសង្គមស៊ីវិលផងដែរ ជាក់ស្តែង អង្គការការីតាស់កម្ពុជា ដែលបាននឹងកំពុងចូលរួមចំណែកជួយសិស្សានុសិស្សតាមសាលាគោលដៅនាពេលនេះ។
ខ្ញុំសូមឆ្លៀតឱកាសនេះរំលឹកជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈនៅគ្រប់កម្រិត។ ក្នុងសន្និបាតបូកសរុបវាយតម្លៃការងារ អប់រំ យុវជន និងកីឡា ដែលបានអនុវត្ត ក្នុងឆ្នាំសិក្សា កន្លងមក និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សាខាងមុខទៀត សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លាក្នុងទិសដៅ ដើម្បីពង្រឹងគុណភាព អប់រំ និងស្របទៅនឹងការអនុវត្តស្តង់ដារសាលារៀនគំរូ។ ដោយឡែក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការពង្រឹងអភិបាលកិច្ច និងកំណែទម្រង់ សាលារៀន។ សាលារៀន ត្រូវបានពង្រឹង ដោយឈរលើកត្តាគន្លឹះចំនួន ៣ គឺ លទ្ធផលសិក្សារបស់សិស្ស ការដឹកនាំ និងគ្រប់គ្រង និងការចូលរួមរបស់មាតាបិតា និងសហគមន៍ ។ ដើម្បីធានាបាននូវស្តង់ដារសាលារៀនគំរូដូចរៀបរាប់ខាងលើក្រសួង ក៏បានកំណត់គោលការណ៍ពាក់ព័ន្ធជាច្រើនទៀត រួមមាន ការពង្រឹងវិន័យ និងអប់រំសិស្សឱ្យស្រឡាញ់សាលារៀន នៅបឋមសិក្សា និងកម្រិតមធ្យម សិក្សា ការងាររវាងសាលា និងមាតាបិតាសិស្ស ការងារជាមួយគ្រូបង្រៀន ព្រមទាំងការពង្រឹង ការដឹកនាំ និងគ្រប់គ្រងជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ ជាទីគោរព ! លោក លោកស្រី ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីរាប់អាន ! សម្រាប់ មាតា បិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សា រៀនសូត្រ នៅសាលាបឋមសិក្សាពោធិ៍បឹងនេះ ទោះបីនៅតំបន់ឆ្ងាយពីទីប្រជុំជន ប៉ុន្តែពិតជាមានភ័ព្វសំណាង ដោយមានការជ្រោមជ្រែងអំពីអង្គការ ការីតាស់កម្ពុជា ដែលមានលោក គឹម រតនា នាយកប្រតិបត្តិ និងមានកិច្ចគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ អាជ្ញាធរស្រុក ឃុំ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការសិក្សា រៀនសូត្ររបស់ក្មួយៗ ដោយបានរៀបចំគម្រោង“លើកកម្ពស់បរិយាបន្តអប់រំ នៅកម្រិតបឋមសិក្សា”ក្នុងគោលបំណងដើម្បីលើកកម្ពស់ការទទួលបានការសិក្សា កម្រិតបឋមសិក្សា ប្រកបដោយគុណភាព និងស្មើភាពរបស់កុមារដែលងាយរងគ្រោះ និងងាយបោះបង់ចោលការសិក្សា។
ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំសូមអបអរសាទរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកនាយក និងសហការី ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជ្រើសរើសយកខេត្តកោះកុង ជាខេត្តគោលដៅមួយ ក្នុងនោះមានសាលាបឋមសិក្សាពោធិ៍បឹងនេះផងដែរ។ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ ស្រុក ឃុំ និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់ សហការ និងផ្តល់ការគាំទ្រឱ្យអស់លទ្ធភាព សម្របសម្រួលដល់ការ អនុវត្តគម្រោងរបស់អង្គការឱ្យបានល្អប្រសើរ និងជោគជ័យតាមពេលវេលាគ្រោងទុក។
ទន្ទឹមនេះ ខ្ញុំស្នើលោកនាយកអង្គការធ្វើការពិនិត្យលទ្ធភាព ក្នុងការពង្រីកសាលាគោលដៅបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់កុមារនៅតាមតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តរបស់យើង។
ថ្ងៃនេះ ជាមួយនឹងការប្រកាសបើកគម្រោង ការីតាស់កម្ពុជា ក៏បានចែកជូនសម្ភារសិក្សា អាហារូបករណ៍ និងជូនដល់សិស្សានុសិស្សក្រីក្រ និងងាយបោះបង់ចោលការសិក្សា ចំនួន ៦០ នាក់ ដែលជាកាយវិការដ៏សប្បុរសធម៌ និងថ្លៃថ្លាបំផុត សំដៅរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់ក្មួយៗទាំងអស់។
នាងខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាថ្មីម្តងទៀតចំពោះ វត្តមាន ឯកឧត្តម រដ្ឋលេខាធិការ លោក លោកស្រី ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងពិធីដ៏មានសារសំខាន់នាពេលនេះ។
ជាទីបញ្ចប់ នាងខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោក លោកស្រី មាតាបិតារបស់សិស្សានុសិស្ស ព្រមទាំងក្មួយៗទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ !
ថ្ងៃចន្ទ ១០ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ July 15, 2024