លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៤-២០២៥ របស់ពុទ្ធិកសិក្សាសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងវត្តទេពនិមិត្ត(ហៅវត្តថ្មី) សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ខ្ញុំព្រះករុណា នាងខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងនូវការកោតសសើរដោយស្មោះចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកោះកុងមន្ត្រីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះអង្គគ្រូ លោកគ្រូជាគ្រូពុទ្ធិកសិក្សាទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងធនធាន ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានព្រះសង្ឃតាមរយៈសាលាពុទ្ធិកសិក្សា ក្នុងពេលកន្លងមក។
សូមថ្លែងអំណរគុណចំពោះ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរ ក្រុង សង្កាត់ អង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមចំណែកទាំងបច្ចេកទេស ទាំងចតុបច្ច័យនិងសម្ភារ បរិក្ខារ ដើម្បីទ្រទ្រង់ដល់ដំណើរការ នៃពុទ្ធិកសិក្សាក្នុងខេត្តកោះកុង ប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងសមានចិត្តដ៏បរិសុទ្ធចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូ លធនមនុស្ស និងធនធានមនុស្សក្នុងវិស័យពុទ្ធិកសិក្សារបស់យើង។ ខ្ញុំព្រះករុណា នាងខ្ញុំ សូមទាញការចាប់អារម្មណ៍ថា ព្រះពុទ្ធសាសនា អាចរីកចម្រើនទៅបាន អាស្រ័យដោយធនធានព្រះសង្ឃមានអ្នកចេះដឹងច្រើន យើងចាំបាច់ត្រូវតែចូលរួមបណ្តុះបណ្តាលធនធាន ដូច្នេះ ព្រះសង្ឃឲ្យបានច្រើន ដើម្បីអនាគតព្រះពុទ្ធសាសនារីកចម្រើនរុងរឿង។
ក្នុងបរិយាកាលដ៏រីករាយនេះដែរ ខ្ញុំព្រះករុណា នាងខ្ញុំ ក្នុងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត សូមអបអរសាទរ ចំពោះសមណសិស្ស សិស្ស ទាំង៥១អង្គ នាក់ ដែលបានខិតខំសិក្សារៀនសូត្រហើយប្រឡងជាប់ជាស្ថាពរ ទទួលបាននូវវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក និងវិញ្ញាបនបត្រកុំព្យូទ័រនាពេលកន្លងមក នឹងត្រូវបានរៀបចំពិធីប្រគេន និងប្រគល់ជូននូវវិញ្ញាបនបត្រនាពេលបន្តិចទៀតនេះ។
ព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ ! អស់លោក លោកស្រី លោកតា លោកយាយ ឧទ្ទេសាចារ្យ សមណសិស្ស សិស្ស ប្រជាពុទ្ធបរិស័ទ ទាំងអស់ ! តាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរធម្មការនិងសាសនា ក៏ដូចជាថេរដីការបស់ ព្រះអង្គគ្រូព្រះមេគណខេត្តអម្បាញ់មិញនេះ បានឱ្យដឹងថា នៅទូទាំងខេត្តមានសាលាពុទ្ធិកបឋមសិក្សាចំនួន៦សាលា និងមានសមណសិស្ស សិស្ស ដោយឡែកគណៈធម្មយុត្តមានតែ១សាលាចំនួន២០៦ ចែកជា១១ថ្នាក់ គឺសាលាពុទ្ធិកបឋមសិក្សាសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ ដែលចែកជា៤ថ្នាក់ និងមានសមណសិស្ស សិស្សចំនួន ៩២ អង្គ/នាក់។ ក្នុងចំណោមសាលាពុទ្ធិកទាំង៦ យើងមានគ្រូក្របខ័ណ្ឌ តែ២រូប និងគ្រូកិច្ចសន្យា ៨រូប។ ខ្ញុំព្រះករុណា នាងខ្ញុំ យល់ថាចំនួនគ្រូខាងលើនេះ ពិតជាមានចំនួនតិចនៅឡើយ ដែលមិនទាន់សមស្របទៅនឹងចំនួនថ្នាក់រៀនរបស់សមណសិស្ស សិស្សនៅឡើយ។
ខ្ញុំសូមស្នើលោកប្រធានមន្ទីរ ធ្វើការទំនាក់ទំនងនិងស្នើសុំគោលការណ៍ទៅក្រសួងសាមី ដើម្បីជួយផ្តល់ចំនួនគ្រូកិច្ចសន្យាបន្ថែមទៀតសម្រាប់ឆ្នាំសិក្សាខាងមុខ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំព្រះករុណា នាងខ្ញុំសូមលើកទឹកចិត្តដល់សាលាពុទ្ធិកបឋមសិក្សាទាំង ៦ ក្នុងខេត្ត និងសូមទាញការចាប់អារម្មណ៍នូវចំណុចមួយចំនួនដូចខាងក្រោម :
១-ត្រូវពង្រឹងគុណភាព ទាំងការបង្រៀន និងការរៀនតាមរយៈការរិតបណ្ដឹងដំណើរការបណ្តុះបណ្តាលស្របតាមកម្មវិធីពុទ្ធិកសិក្សាជាតិ ដោយបន្តអនុវត្តនឹងគាំទ្រការអប់រំតាមបែបឌីជីថល ដើម្បីឆ្លើយតបតាមការវិវត្ត ក្នុងវិស័យបច្ចេកវិទ្យាទំនើប។
២-ឧទ្ទេសាចារ្យ លោកគ្រូពុទ្ធិកសិក្សាទាំងអស់ ត្រូវបន្តដើរតួជាបុគ្គលនាំមុខ ជាបុគ្គលគំរូ ជាឪពុកម្តាយទី២ ជាមគ្គុទេសក៍ដ៏ឆ្នើម ជាទីប្រឹក្សាដ៏ឈ្លាសវៃ ប្រកបដោយសក្តានុពលតាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ជាប្រចាំការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឌីជីថល ។
៣-សមណសិស្ស និងសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ឱហាតសិក្សាស្រាវជ្រាវ ឱ្យអស់ពីសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការប្រព្រឹត្តនូវអំពើសុចរិត ដែលជាប្រយោជន៍ដល់សង្គមជាតិ និងព្រះពុទ្ធសាសនា។
៤-គណៈគ្រប់គ្រងសាលា ព្រះចៅអធិការ ព្រះអនុគណ ព្រះមេគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តកិច្ចសហការជាមួយមន្ទីរធម្មការ និងសាសនា អាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធនានា និងសប្បុរសជន ដើម្បីធានាបាននូវការឧបត្ថម្ភគាំទ្រ និងគាំទ្រុងវិស័យពុទ្ធិកសិក្សាឲ្យមាននិរន្តរភាពយូរអង្វែង។
៥-អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសកម្មភាព នៃការបើកបវេសនកាលថ្មី ដើម្បីបានជ្រាបដល់សមណសិស្ស សិស្សដែលស្វែងរកឱកាសសិក្សារៀនសូត្រ និងសកម្មភាពអប់រំរបស់ពុទ្ធិកសិក្សាតាមរយៈមធ្យោបាយនានា រួមមាន បណ្តាញ សង្គមជាដើម ។
៦-ឆ្លើយតប ជាមួយការប្រែប្រួលអាកាសធាតុជាសកល និងស្ថានភាពអាកាសធាតុនៅក្នុងខេត្តកោះកុង សូមគណៈគ្រប់គ្រងគ្រប់ភូមិសិក្សាទាំងអស់មេត្តាតាមដានសុខភាពរបស់សមណសិស្ស សិស្ស ជាប្រចាំ ដើម្បីថែរក្សាសុខភាព និងបង្ការជំងឺនានា ដូចជា ជំងឺគ្រុនឈាមជាដើម ដែលមានករណីកើតឡើងច្រើននៅក្នុងអំឡុងពេលអាកាសធាតុមានការប្រែប្រួល ជាពិសេសនៅក្នុងរដូវវស្សានេះ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា នាងខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះមេគណ ព្រះសហការីគណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អស់លោក លោកស្រី ព្រះអង្គគ្រូ លោកគ្រូពុទ្ធិកសិក្សា ព្រមទាំងសប្បុរសជននានា ដែលតែងតែយកចិត្តទុកដាក់រួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធិកសិក្សា ឲ្យមានវឌ្ឍនភាពរហូតមកដល់បច្ចុប្បន្ន និងសូមបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់វិស័យពុទ្ធិកសិក្សាបន្ថែមទៀត ដើម្បីបុព្វហេតុ នៃការអភិវឌ្ឍមូលធនមនុស្ស សម្រាប់សង្គមជាតិ និងព្រះពុទ្ធសាសនា។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា នាងខ្ញុំសូមប្រគេនពរ និងជូនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អ្នកអង្គម្ចាស់ អស់លោក លោកស្រី សមណសិស្ស សិស្ស ក្មួយៗយុវជន ប្រជាពុទ្ធបរិស័ទទាំងអស់ សូមប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំព្រះករុណា នាងខ្ញុំ សូមប្រកាស «បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ » ចាប់ពីពេលនាពេលនេះតទៅ ។ សូមអរព្រះគុណ - សូមអរគុណ !
ថ្ងៃអាទិត្យ ២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ June 23, 2024