រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ក្នុងសិក្ខាសាលាស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ និងជំងឺឆ្លង ព្រមទាំងមហារីកមាត់ស្បូន

លោកស្រី ឈី វ៉ា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ក្នុងសិក្ខាសាលាស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ និងជំងឺឆ្លង ព្រមទាំងមហារីកមាត់ស្បូន។

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាគណៈអធិបតីក្នុងសិក្ខា សាលាស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងជំងឺឆ្លង ព្រមទាំងមហារីកមាត់ស្បូន។ ក្នុងនាមនាងខ្ញុំតំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត នាងខ្ញុំសូមស្វាគមន៍ យ៉ាងកកក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញបេសកកម្ម នៅក្នុងទឹកដីនៃខេត្តកោះកុង ពិសេសបានផ្តល់គំនិតផ្តួចផ្តើម និងការណែនាំក្នុង ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះឡើងនាពេលនេះ។
នាងខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ ដើម្បីគោរពជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវគណៈប្រតិភូជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គពិធីទាំងមូលបានជ្រាប ដូចតទៅនេះ ៖កន្លងមកយើងធ្លាប់បានជ្រាបហើយថា ៖ អេដស៍ ជាជំងឺឆ្លងដ៏កាចសាហាវមួយប្រកបដោយគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស ហើយជះឥទ្ធិពលយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយសារការបាត់បង់នូវធនធានមនុស្សដែលជាគន្លឹះនៃការអភិវឌ្ឍគ្រប់ផ្នែកទាំងអស់។ ដោយមើលឃើញគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពជាចំបងដល់គ្រប់ស្ថាប័ន អង្គការដៃគូ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ឱ្យធ្វើការផ្សព្វផ្សាយដល់ប្រជាជនទាំងអស់នូវការយល់ដឹង ក៏ដូចជាវិធានការការពារមេរោគអេដស៍ ជំងឺអេដស៍ រហូតទទួលបានជោគជ័យគួរ ជាទីមោទនៈ។ ជាក់ស្តែង តាមរយៈការអង្កេតរកអត្រាប្រេវ៉ាឡង់ របស់ថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានអត្រាអ្នកផ្ទុកមេរោគអេដស៍០.៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ គឺអត្រាអ្នកផ្ទុក មេរោគអេដស៍ ០.៨% នេះសរបញ្ជាក់ឱ្យឃើញថា កម្ពុជាទទួលបាននូវជោគជ័យដ៏ធំធេងដោយសារកិច្ច ខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីថ្នាក់ជាតិ គ្រប់ក្រសួង ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍នានា ជាពិសេសឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ គឺសុទ្ធតែបានរួម ចំណែកឆ្លើយតបទៅនឹងគោលដៅ " 3-0"គឺការកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មី កាត់បន្ថយអត្រាមរណភាពដោយជំងឺអេដស៍ និងកាត់បន្ថយការមាក់ងាយ រើសអើង ដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ នេះជាវឌ្ឍនភាពដែលប្រកបដោយក្តីសង្ឃឹម និងការជឿជាក់ដ៏ពិតប្រាកដក្នុងការឆ្ពោះ ទៅសម្រេចគោលដៅ នាឆ្នាំ២០២៥ ខាងមុខនេះ គឺគោលដៅ ៩៥-៩៥-៩៥៖ ក្នុងនោះគឺ ៩៥ ទី១មានន័យថា ៩៥%នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងថាខ្លួនឯងមានផ្ទុកមេរោគអេដស៍ ៩៥ ទី២មានន័យថា ៩៥% នៃអ្នកដែលបានដឹងថាខ្លួនឯងមានផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ និង ៩៥ទី៣ មានន័យថា ៩៥% នៃអ្នកទទួលការព្យាបាលត្រូវបានកំចាត់ មេរោគអេដស៍ពីក្នុងឈាម។ ដោយឡែកនៅខេត្តកោះកុង បានអនុវត្តការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ដោយសម្រេចបានលទ្ធផល ៩៥-៩៥-៩៥ ដូចតទៅ៖ ៩៥ទី១ ទទួលបាន៨៥% ៩៥ទី២ ទទួលបាន៩៩% និង៩៥ទី៣ ទទួលបាន៩៧%។ ខេត្តកោះកុងមានសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ នៅគ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។ រីឯសេវាព្យាបាលអ្នកផ្ទុកមេរោគអេដស៍យើងមាន ពីរកន្លែង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល។ ជាលទ្ធផលនៃការធ្វើតេស្ត រកមេរោគអេដស៍ និងការព្យាបាលអ្នកផ្ទុកគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ មានដូចតទៅ ៖

-ចំនួនអតិថិជនមកធ្វើតេស្តឈាមរកមេរោគអេដស៍មានចំនួន១,៥៨៩នាក់ (ស្រ្តី១,២៧៧នាក់) ដែលមានលទ្ធផល វិជ្ជមាន ចំនួន ០៣នាក់ (ស្ត្រី ០២នាក់)
-អ្នកផ្ទុកមេរោគអេស៍កំពុងទទួលឱសថប្រឆាំងនឹងមេរោគអេដស៍ចំនួន១,០២៧នាក់ (ស្ត្រី៥៨៨នាក់) ក្នុងនោះ មានកុមារចំនួន១៩នាក់ (កុមារី១៤នាក់)។

គណៈអធិបតី ជាទីគោរព! អង្គសិក្ខាសាលាទាំងមូល ជាទីមេត្រី! សម្រាប់ផែនការបន្ត ៖ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង នឹងបន្តអនុវត្តគោលនយោបាយដើម្បីបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលត្រូវ អនុវត្តនូវវិធានការចំនួន ប្រាំពីរ រួមមាន៖
១.ពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យ
២.ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ
៣.ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំ និងព្យាបាល
៤.ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម
៥.បញ្ចប់ការរើសអើង និងមាក់ងាយ
៦.កៀរគរចលនាប្រភពធនធាន និង
៧.ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ ។
ចំណែកឯការតាមដានជំងឺឆ្លង គឺអនុវត្តតាមប្រព័ន្ធពីរ តាមរយៈការតាមដានករណីសង្ស័យ ដែលមាន៧ជំងឺ ត្រូវរាយការណ៍ប្រចាំសប្តាហ៍ និងការតាមដានតាមរយៈប្រព័ន្ធសង្គម ឬក្នុងសហគមន៍ ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍១១៥របស់ក្រសួងសុខាភិបាល។ ក្រៅពីនេះយើងមានក្រុមការងារចត្តាឡីស័ក ដែលប្រចាំការនៅច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិចាំយាមសម្រាប់ត្រួតពិនិត្យ និងតាម ដានជំងឺឆ្លងចំពោះប្រជាជន និងភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់។
ចំពោះលទ្ធផលនៃការតាមដានករណីសង្ស័យជំងឺទាំង៧មុខនោះ មន្ត្រីផ្នែកជំងឺឆ្លង ត្រូវធ្វើ របាយការណ៍ជាប្រចាំនៅរៀងរាល់សប្តាហ៍ ។ គិតក្នុងរយ:ពេល ២៣ សប្តាហ៍កន្លងមក នៃឆ្នាំ២០២៤ នេះ លទ្ធផលនៃការតាមដានករណីសង្ស័យ មានដូចខាងក្រោម៖
*ករណីជំងឺរាគស្រួចស្រាលមានចំនួន៤៦២ករណី ធៀបនិងខ្សែប្រកាសអាសន្ន ៧៥៦ ករណី គឺនៅទាបជាងខ្សែប្រកាសអាសន្ន
*មិនមានករណីសង្ស័យករណីជំងឺគ្រុនក្តៅមានកន្ទួលក្រហម(កញ្ជ្រិល)
*មិនមានករណីសង្ស័យករណីជំងឺខ្វិនទន់អវៈយវៈ
*ករណីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ មានចំនួន ៤៧៦ករណី ធៀបនឹងខ្សែប្រកាសអាសន្ន ៧៧៧ករណី គឺនៅទាបជាងខ្សែប្រកាសអាសន្ន
*ករណីសង្ស័យជំងឺគ្រុនឈាមមានចំនួន៧៨ករណីធៀបនឹងងខ្សែប្រកាសអាសន្ន៨៨ករណី គឺនៅទាបជាងខ្សែប្រកាសអាសន្ន
*មិនមានករណីសង្ស័យជំងឺរលាកស្រោមខួរឬស្រោមខួរក្បាល និង
*មិនមានករណីសង្ស័យជំងឺខាន់លឿងស្រួចស្រាល។
សមិទ្ធផលទាំងអស់នេះ គឺជាកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ការគាំទ្រពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ការសហការពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល គណៈកម្មាធិការប្រទុយនិងជំងឺអេដស៍ខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងការចូលរួមពីប្រជាជនពីគ្រប់មូលដ្ឋាន។
នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានដឹកនាំ ក៏ដូចជាផ្តួចផ្តើមឱ្យមានការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងសិស្សានុសិស្ស ព្រមទាំងយុវជនក្នុងខេត្តកោះកុង ហើយជឿជាក់ថា សិក្ខាសាលានេះ នឹងបានទទួលនូវចំណេះដឹងថ្មីៗ និងស៊ីជម្រៅបន្ថែមពាក់ព័ន្ធនឹងជំងឺឆ្លង ស្របតាមបរិបទ សង្គមដ៏ស៊ីវីល័យនាសម័យបច្ចេកវិទ្យាឌីជីថនដ៏ទំនើបក្នុងពេលបច្ចុប្បន្ន៕
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ June 20, 2024

អត្ថបទទាក់ទង