លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងឃុំ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ស្នើសូមដីសម្បទានសង្គមកិច្ច។
តាមរយការចុះស្រង់ទិន្នន័យ ប្រជាពលរដ្ឋសរុបដែលបានស្នើសូមដីសម្បទានសង្គមកិច្ចមានចំនួន ២៥៦៤គ្រួសារ ដោយក្នុងនោះ ប្រជាពលរដ្ឋ ឃុំជីខលើ មានចំនួន ៨៦៩គ្រួសារ ឃុំជីខក្រោម មានចំនួន ៣០៣គ្រួសារ ឃុំដងពែង មានចំនួន ១០៧០គ្រួសារ ឃុំស្រែអំបិល មានចំនួន ២៧៤គ្រួសារ និងឃុំបឹងព្រាវ មានចំនួន ៤៨គ្រួសារ។ តាមរយៈកិច្ចប្រជុំពិភាក្សា លោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម៖
១-ឱ្យរដ្ឋបាលឃុំនីមួយៗ ពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ លើប្រជាពលរដ្ឋដែលបានស្នើសូមដីសម្បទានសង្គមកិច្ច (កំណត់យកប្រជាពលរដ្ឋក្រីក្រ គ្មានផ្ទះ គ្មានដី ) រួចធ្វើបញ្ជីឈ្មោះបញ្ជូនមកក្រុមការងារខេត្ត យ៉ាងយូរត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤
២-ការិយាល័យភូមិបាលស្រុក ត្រូវរៀបចំធ្វើឡូត៍ដី នៅលើផែនទី ក្នុងទីតាំងដីដែលត្រៀមសម្រាបផ្តល់ជាដីសម្បទានសង្គមកិច្ច។
រដ្ឋបាលខេត្ត ក្រោមការដឹកនាំដោយលោក សុខ សុទ្ធី នឹងរៀបចំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីតំណាងប្រជាពលរដ្ឋ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ លើបញ្ជីឈ្មោះដែលរដ្ឋបាលឃុំបានវាយតម្លៃផ្តល់អាទិភាព ក្នុងការផ្តល់ជូនដីសម្បទាន។
ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ May 28, 2024