រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង បើកវគ្គផ្សព្វផ្សាយវិធានការស្តីពីការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់ប្រជាពលរដ្ឋនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ ដោយមានការគិតគូរ និងចង្អុលបង្ហាញពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តកោះកុង តំណាងដោយ ឧត្តមសេនីយ៍ទោ គង់ មនោ សមាជិកគណៈកម្មាធិការសាខា សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានសាខាក្រុងខេមរភូមិន្ទ ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អាជ្ញាធរភូមិ៤ សង្កាត់ដងទង់ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយអំពីវិធីសាស្រ្តប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យ វិធីសាស្រ្តថែទាំ ទុកដាក់ និងត្រួតពិនិត្យបំពង់ ឱ្យត្រូវតាមបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៥៧នាក់ ស្រី ២៧នាក់។

ឧត្តមសេនីយ៍ទោ គង់ មនោ សមាជិកគណៈកម្មាធិការសាខា បានឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងនិងមានភាពជាម្ចាស់ការ ក្នុងគ្រាមានអាសន្ន អាចចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងការជម្លៀសជនរងគ្រោះចេញពីកន្លែងគ្រោះថ្នាក់ទៅកន្លែងមានសុវត្ថិភាព អំពីគ្រោះអគ្គិភ័យដែលកើតឡើងដោយការធ្វេសប្រហែស ដែលធ្លាប់កើតមានកន្លងមកដូចជា ការដាំស្លមិនពន្លត់ភ្លើង មិនបិទហ្គាស ការចាកចេញពីលំនៅដ្ឋានមិនបិទប៉ារ៉ែតភ្លើង ការអុជទានធូប ការឆ្អើរត្រី ការលក់ប្រេងឥន្ធនៈ និងលក់ហ្គាស មិនប្រុងប្រយ័ត្នជាដើម ។

ក្នុងកម្មវិធីនោះដែរក្រុមការងារនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានផ្តល់នូវបច្ចេកទេសក្នុងពេលជួបហានិភ័យពេលមានអគ្គិភ័យកើតឡើង ក្រុមជំនាញបានធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង និងជំនាញសំខាន់ៗ ចំនួនពីរដល់បងប្អូនប្រជាពលរដ្ឋ គឺ ÷
១/-វិធីប្រើប្រាស់ ថែរក្សា បំពង់ពន្លត់អគ្គិភ័យ ។
២/-ការជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ។ ចុងបញ្ចប់នៃវគ្គផ្សព្វផ្សាយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានផ្តល់ជូនបំពង់ពន្លត់អគ្គិភ័យចំនួន ៣០បំពង់ ដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅប្រឈមនឹងគ្រោះអគ្គិភ័យ ។

អត្ថបទទាក់ទង