រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ហាការយោធភូមិភាគទី៣ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ចំណុះយោធភូមិភាគទី៣

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ហាការយោធភូមិភាគទី៣ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ចំណុះយោធភូមិភាគទី៣។

លោកបណ្ឌិត បានលើកឡើងថា ថ្ងៃនេះជំនួសមុខ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយ ដោយបានមកចូលរួម ជាមួយលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធ ភូមិភាគទី៣ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង សមត្ថភាពយោធា ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ចំណុះយោធភូមិភាគទី៣ នាពេលនេះ។
ផ្អែកតាមរបាយការណ៍នៃដំណើរការហ្វឹកហ្វឺន ដែលបានអានដោយ លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណៈកម្មការហ្វឹកហ្វឺន ដែលបានអានអម្បាញ់មិញនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈគ្រប់គ្រងវគ្គ និងយោធាចារ្យដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងស្មារតី ក្នុងការហ្វឹកហ្វឺន បំប៉ននិងពង្រឹងសមត្ថភាពជូនដល់នាយទាហាន នាយទាហានរង ពលទាហាន របស់យើងទុកជាមូលដ្ឋានគ្រឹះដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពនៅក្នុងអង្គភាព ផ្អែកលើលទ្ធផល ជាក់ស្ដែងក្នុងថ្ងៃនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង គណៈគ្រប់គ្រងវគ្គ យោធាចារ្យ និងអង្គភាពពាក់ព័ន្ធ ដែលបានរួមគ្នា សហការសម្របសម្រួលរៀបចំដំណើរការ វគ្គហ្វឹកហ្វឺននេះប្រកបដោយ ភាពជោគជ័យនិងមានស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះដែរ ខ្ញុំក៏សូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង ពលទាហាន របស់យើង ដែលបានខិតខំ ប្រឹងប្រែង ព្យាយាមយកចិត្តទុកដាក់រៀនសូត្រនូវខ្លឹមសារមេរៀន ទាំងអស់ដែលគណៈគ្រប់គ្រងវគ្គ និងយោធាចារ្យបានបង្ហាត់បង្រៀន ជាពិសេសសិក្ខាកាមទាំងអស់ បានអនុវត្តជាក់ស្ដែងនូវ យុទ្ធដំណើរប្រដាប់អាវុធ រយៈពេល៤ថ្ងៃ៣យប់ ទាំងទៅទាំងមក មាន ចំងាយ ៧៥គីឡូម៉ែត្រ ឆ្ពោះទៅវរៈ៣ ការពារព្រំដែន និងសូមចូលរួមអបអរសាទរចំពោះលទ្ធ ផលដ៏ល្អគួរជាទីមោទនៈ។ លទ្ធផលក្នុងថ្ងៃនេះ គឺកើតចេញពីឆន្ទៈចង់សិក្សារៀនសូត្រ និងការតស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ដែលនេះគឺជាមោទនភាពសម្រាប់សិក្ខាកាមរបស់យើង ដែលនឹងត្រូវប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គហ្វឹកហ្វឺននេះ ដើម្បីយកទៅអនុវត្តបំពេញរាល់ភារកិច្ចជូនអង្គភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ លោក លោកស្រី គណៈអធិបតី ជាទីគោរព ! លោក លោកស្រីនាយទាហាន នាយទាហានរង ពលទាហាន ជាទីគោរព និងជាទីមេត្រី ! ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺន បំប៉នជំនាញ ឯកទេស ស្របទៅតាមស្ថានភាពនិងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ។ ជាមួយគ្នានេះដែរ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន០៥ សំដៅធានាបានកំណើតសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បង្កើតការងារធ្វើជូនពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ ធានាបាននូវការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច តាមរយៈបាវនា «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ថា កត្តាមនុស្ស នៅតែជាចំណុចអាទិភាពទី១ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ ដូច្នេះតាមយៈវគ្គហ្វឹកហ្វឺនថ្ងៃនេះ គឺបានផ្ដល់ឱកាសដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងការកសាងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយ ទៅជាធនធានមនុស្សពិតប្រាកដដើម្បីចូលរួមចំណែកក្នុងការការពារព្រំដែន និងការពារបូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

មុននឹងបញ្ចប់ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃ បញ្ហាការតំបន់ប្រតិបត្តិការសឹករងកោះកុង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន និងសូមកុំឱ្យមានការពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀនឱ្យសោះព្រោះថ្មីៗនេះ យើងពិនិត្យឃើញថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីរាជការដែលជាកម្លាំងប្រដាប់អាវុធ ក្នុងករណីដែលរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្តង ដូច្នេះពាក់ព័ន្ធនឹងចំណុចនេះ ខ្ញុំសូមស្នើដល់ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ចៀសឱ្យឆ្ងាញពីគ្រឿងញៀន៕
ថ្ងៃអាទិត្យ ៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ December 31, 2023

អត្ថបទទាក់ទង