លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
សិក្ខាសាលានេះមានសមាសភាពចូលរួមសរុបចំនួនជាង ២០០នាក់ ដែលមានថ្នាក់ ដឹកនាំក្រសួងពាក់ព័ន្ធចំនួន ៥ គឺក្រសួងសុខាភិបាល អភិវឌ្ឍន៍ជនបទ កិច្ចការនារី អប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ និងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ រាជធានី ខេត្តទូទាំងប្រទេស និងបណ្តាអង្គការដៃគូអភិវឌ្ឍដែលបាន និងកំពុងធ្វើសកម្មភាពលើការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងអង្គការដែលផ្តល់សេវាការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៕
ថ្ងៃព្រហស្បតិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ May 25, 2023