រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធី “យុទ្ធនាការអន្លាក់សូន្យក្នុងខេត្តកោះកុង”

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធី “យុទ្ធនាការអន្លាក់សូន្យក្នុងខេត្តកោះកុង”។

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះជំនួសមុខលោកជំទាវ មិថុនា ភូថង  អភិបាល នៃគណៈអភិបាលខេត្តកោះកុង ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈអធិបតី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងអស់លោក លោកស្រី ក្មួយៗសិស្សានុសិស្ស ទាំងអស់ក្នុងឱកាសបើកយុទ្ធនាការ “អន្ទាក់សូន្យបញ្ឈប់ការជួញដូរសត្វព្រៃ”។ ព្រៃឈើរបស់យើងបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព នៃអាកាសធាតុរបស់យើង និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ជុំវិញតំបន់ព្រៃឈើ។ ព្រៃរងទឹកភ្លៀងជា ជម្រករបស់សត្វព្រៃជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វព្រៃដែលជិតផុតពូជ។ ការកាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ចាប់សត្វព្រៃ គឺជាការគំរាមកំហែងដល់តុល្យភាព នៃធម្មជាតិ អស់ជាច្រើនឆ្នាំមកហើយ។ ការសម្លាប់សត្វព្រៃយកសាច់មិនត្រឹមតែជាអំពើខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពយើងផងដែរ។ សាច់សត្វព្រៃអាចផ្ទុកវីរុស និងរោគជាច្រើន ដែលនាំឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់បាន។
អាជ្ញាធរខេត្តកោះកុង បាននឹងកំពុងសហការជាមួយក្រសួង និងអង្គការដៃគូនានា ជាពិសេសក្រសួងបរិស្ថាន ដែលមានមន្ត្រីឧទ្យានុរក្សរបស់យើងបាននិងកំពុងដើរយាមល្បាតព្រៃឈើ ដោយបានទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ការដាក់អន្ទាក់ ការប្រមាញ់ ការជួញដូរសត្វព្រៃខុសច្បាប់ បានជាបន្តបន្ទាប់។
ខេត្តកោះកុងរបស់យើង មានភាពល្បីល្បាញនិងទាក់ទាញព្រោះ យើងមានធម្មជាតិដ៏ស្រស់ស្អាតនិងសត្វព្រៃកម្រៗជាច្រើនប្រភេទ ហើយខេត្តកោះកុងក៏ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ពោលគឺសំបូរទៅដោយតំបន់អេកូ-ទេសចរណ៍ជាច្រើនកន្លែង ដែលកត្តានេះហើយបានធ្វើឱ្យជីវភាពកាន់តែប្រសើរសម្រាប់សហគមន៍ជុំវិញតំបន់ការពារ។ ដូច្នេះយើងមានកាតព្វកិច្ចការពារសត្វព្រៃ និងព្រៃឈើទាំងនេះ។
ក្នុងនាមរដ្ឋបាលខេត្តកោះកុង ខ្ញុំសូមគាំទ្រ និងចូលរួមអនុវត្តយុទ្ធនាការ “អន្ទាក់សូន្យ បញ្ឈប់ការជួញដូរសត្វព្រៃ” ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ ចូលរួមក្នុងការអនុវត្តយុទ្ធនាការនេះ និងសូមអាជ្ញាធរដែនដី កម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ចូលរួមអនុវត្តឱ្យបានល្អប្រសើរ៕
ថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ May 16, 2023

អត្ថបទទាក់ទង