រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំង លើសំណើរបស់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងការស្នើសូមប្រមូលយកគ្រួសក្រហម និងខ្សាច់សំណង់ ដើម្បីស្ថាបនាផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៣៣.៥៣គីឡូម៉ែត្រ ក្នុងខេត្តកោះកុង
លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរជំនាញ និងរដ្ឋបាលស្រុក ឃុំពាក់ព័ន្ធ និងចុះពិនិត្យទីតាំងស្នើសូមកាយប្រមូលយកខ្សាច់ និងទីតាំងស្តុកសម្ភារការដ្ឋាន របស់កងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប ក្នុងការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៣៣.៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីឃុំទទួលគគីរ នៃស្រុកមណ្ឌលសីមា តភ្ជាប់ទៅឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ដោយឆ្លងកាត់ឃុំជ្រោយប្រស់ នៃស្រុកកោះកុង ស្ថិតក្នុងខេត្តកោះកុង។
ជាលទ្ធផល នៃកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងជាក់ស្តែង មានដូចខាងក្រោម÷
១.ទីតាំងស្នើសូមយកគ្រួសក្រហម យោងតាមចំណុចនិយាមកា គឺស្ថិតក្នុងតំបន់អភិរក្ស គ្របដណ្តប់ដោយអនុក្រឹត្យលេខ ១៧៩ ស្តីពីការបង្កើតតំបន់សហគមន៍ដែនជម្រកសត្វព្រៃពាមក្រសោប ក៏ដូចជាព្រះរាជក្រឹត្យ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃពាមក្រសោប ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ជានិតីវិធី តម្រូវឲ្យកងវិស្វកម្ម ធ្វើសំណើ ដើម្បីស្នើសូមគោលការណ៍ឯកភាពពីក្រសួងបរិស្ថាន ដែលជាក្រសួងអាណាប័ក
២.ទីតាំងស្នើសូមយកខ្សាច់ តាមការចុះពិនិត្យជាក់ស្តែង គឺមួយផ្នែកស្ថិតក្នុងទីតាំងដីកម្មសិទ្ធិឯកជន និងមួយផ្នែកទៀតស្ថិតក្នុងតំបន់សហគមន៍ យោងតាមអនុក្រឹត្យលេខ ៣០ ស្តីពីការឆ្វៀលផ្ទៃដីពីតំបន់ការពារធម្មជាតិ ជីវចម្រុះ និងគម្របព្រៃឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ដូចនេះ ទីតាំងស្នើសូម ដែលប៉ះពាល់កម្មសិទ្ធិឯកជន កងវិស្វកម្ម ត្រូវធ្វើការសម្របសម្រួល ជាមួយសាមីកម្មសិទ្ធិករដោយផ្ទាល់ ឬអាចស្នើសូមការសម្របសម្រួលពីអាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្ត។
បន្ទាប់ពីការចុះពិនិត្យជាក់ស្តែង លោកអភិបាលរងខេត្ត បានណែនាំបន្ថែមថា ចំពោះទីតាំងស្នើសូមប្រមូលយកគ្រួសក្រហម ខ្សាច់(មួយផ្នែកស្ថិតក្នុងក្នុងតំបន់សហគមន៍) និងទីតាំងសម្រាប់ស្តុកសម្ភារការដ្ឋាន គឺក្រុមការងារកងវិស្វកម្ម ត្រូវកំណត់និយាមកា ផ្ទៃក្រឡា និងចំនួនទីតាំងឲ្យបានច្បាស់លាស់ ដើម្បីជូនភ្ជាប់នឹងសំណើទៅក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីពិនិត្យលទ្ធភាពផ្តល់ជូនតាមតម្រូវការជាក់ស្តែង។
កិច្ចប្រជុំ និងការចុះពិនិត្យទីតាំងជាក់ស្តែង ត្រូវបានបញ្ចប់ ក្នុងថ្ងៃខែឆ្នាំដដែល៕