លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង។
លោកជំទាវ បានលើកឡើងថា ស្ថិតក្នុងឱកាសដ៏វិសេសវិសាល និងមានអត្ថន័យដ៏ឧត្តុង្គឧត្តមនាថ្ងៃនេះ ក្នុងនាមថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង និងខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្ត ជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ ថ្នាក់ នៃ អ.ន.ក ដែលបានផ្តល់សេចក្តីទុកចិត្តសម្រេចតែងតាំង រូបនាងខ្ញុំ និងឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង ដែលបានរៀបចំពិធីប្រកាសសមាសភាពនៃគណៈកម្មាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង នាពេលនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ដើម្បីជាការឆ្លើយតបចំពោះទំនុកចិត្តដ៏ថ្លៃថ្លានេះ ក្នុងនាមគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង នាងខ្ញុំសូមធ្វើការប្តេជ្ញាចិត្តដូចតទៅ ៖
ទី១៖ គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនជាប្រចាំ នូវលក្ខន្តិកៈ គោលការណ៍ និងគោលនយោបាយនានារបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងសេចក្តីសម្រេចមហាសន្និបាត និងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ទី២៖ ប្តេជ្ញា! ពង្រឹងពង្រីកការអនុវត្តភាពដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ដើម្បីរួមចំណែកដ៏សំខាន់ក្នុងការធានាបានសំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិត ជីវភាព របស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារឱ្យប្រកបដោយសុខុមរមនា ជាមួយក្រុមគ្រួសារ និងសហគមន៍។
ទី៣៖ ប្តេជ្ញា! ពង្រឹងអភិបាលកិច្ចការងារអតីតយុទ្ធជន និងគ្រួសារជនពលី មរណៈ និងអតីតមន្ត្រីរាជការស៊ីវិល ព្រមជាមួយនិងការលើកកម្ពស់ការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូន អតីតយុទ្ធជន និវត្តជន និងគ្រួសារ ព្រមទាំងបន្តប្រមូល និងគ្រប់គ្រង់ទិន្នន័យអំពីស្ថានភាព ជីវភាពរស់នៅជាក់ស្តែង ដើម្បីបង្កលក្ខណៈ ជួយសម្របសម្រួល និងកែលម្អជីវភាពរបស់បងប្អូនអតីតយុទ្ធ និវត្តជននិងគ្រួសារ ឱ្យបានល្អប្រសើរឡើង។
ទី៤៖ ប្តេជ្ញា! ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ ព្រមទាំងដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ក្នុងការទទួលបានគម្រោងអភិវឌ្ឍន៍ សម្រាប់បម្រើដល់ផលប្រយោជន៍អតីតយុទ្ធជន និងនិវត្តជន ភ្ជាប់ជាមួយនិងការជ្រើសរើសអតីតយុទ្ធជន ដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗ ដូចជាសហ គមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្ស សត្វព្រៃ ក៏ដូចជាថ្នាក់ដឹកនាំនៅមូលដ្ឋាន តាមសមត្ថភាព និងលទ្ធភាពជាក់ស្តែង។
ទី៥៖ ប្តេជ្ញា! យកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំងគ្រប់ថ្នាក់ ឱ្យបានរឹងមាំ និងស្ថិតស្ថេរ គង់វង្ស ដោយផ្អែកលើគោលការណ៍ របស់សមាគមរួមមានគោលការណ៍ និងមាគ៌ាសកម្មភាព ត្រឹមត្រូវ មានរចនាសម្ព័ន្ធ ខ្សែរយៈចាត់តាំងរឹងមាំ មានសមាជិក សមាជិកា មហាជន ប្រជាជនគាំទ្រ និងមានហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់សកម្មភាពចាំបាច់។
ទី៦៖ ប្តេជ្ញា! ធានានិរន្តរភាពរបៀបរបបធ្វើការ តាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសរបបសន្និបាត និងរបបប្រជុំឱ្យបានទៀងទាត់តាមការកំណត់ ប្រកបដោយការទទួលខុសត្រូវអនុវត្តនូវភារកិច្ច ដែលបានប្រគល់ជូន ឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី៧៖ ប្តេជ្ញា! ពង្រឹងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈកម្មាធិការ ចាប់តាំង ពីថ្នាក់លើដល់ថ្នាក់ក្រោម ជាមួយសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជន កម្ពុជា។
ទី៨៖ ប្តេជ្ញា! ជំរុញវប្បធម៌ចលនាប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើលក្ខណៈសម្បត្តិពូកែបី គឺ ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ ពូកែ និងការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែ។ ទន្ទឹមនិងការធានាពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់ភាគទាន ប្រាក់វិភាគទាន និងអំណោយរបស់សប្បុរសជននានា ដោយអនុវត្តឱ្យបានល្អ ឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់។
ទី៩៖ ប្តេជ្ញា! បន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តា សមាគមអតីតយុទ្ធជន និងចលនាអតីតយុទ្ធជនក្នុងខេត្ត ដែលមានសម្ព័ន្ធមេត្រីភាព នៃប្រទេស ជាមិត្តជិតខាង មានភូមិផងរបងជាប់គ្នា។
ទន្ទឹមនឹងនេះ ក្នុងនាមគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង រូបនាងខ្ញុំនឹងរង់ចាំទទួលនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ អ.ន.ក ដើម្បីអនុវត្ត ជាក់ស្តែងឱ្យមានប្រសិទ្ធភាព៕
ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦


































