ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ អមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានបន្តទស្សនកិច្ចពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពនាងកុក ស្ថិតក្រោមការគ្រប់គ្រងរបស់ស្រុកប្រតិបត្តិស្មាច់មានជ័យ
ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់បុគ្គលិកមណ្ឌលសុខភាពនាងកុក សូមបង្កើនការខិតខំបន្ថែមទៀត ពិសេសគឺពង្រឹងសមត្ថភាពជំនាញបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្តតាមគ្រប់រូបភាព ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។
ជាចុងបញ្ចប់ ឯកឧត្តម និងប្រតិភូ បានសម្តែងក្តីរីករាយ ព្រោះបានជ្រាបថា ទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមណ្ឌល មានឆន្ទៈ និងចូលរួមយ៉ាងសកម្មរៀនសូត្រអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ បានយ៉ាងទៀងទាត់ និងបានយកចំណេះដឹងមកអនុវត្តជាក់ស្តែងជាបន្តបន្ទាប់។
ខេត្តកោះកុង៖ នាសៀលថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤