ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានផ្នែក ប្រធានមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំនិងនវាអនុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូZoom
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣៦៧នាក់ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ចំពោះឯកសារបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីសមាសធាតុនៃការបំពេញការងាររបស់បុគ្គលិក(job performance) និងបានសង្កត់ធ្ងន់លើការដំណើរការនៃការធ្វើការវាយតំលៃការបំពេញការងាររបស់បុគ្គលិក (staff performance evaluation) ក្នុងគោលបំណងស្វែងយល់អោយបានកាន់តែសុីជម្រៅចំពោះបុគ្គលិកនិងការទទួល រួមទាំងការជូនព័ត៌មានត្រលប់បែបស្ថាបនា និងគាំទ្រ(constructive feedback) ដល់បុគ្គលិកដើម្បីអោយបុគ្គលិកនិមួយៗអាចបង្កើនលទ្ធផល និងប្រសិទ្ធិភាពការងារ។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ចុះជាប់ជាមួយបុគ្គលិកក្រោមឱវាទរបស់ខ្លួន ដើម្បីដឹកនាំការងារគ្រប់គ្រងការងារបុគ្គលិក (Staff performance management) ឱ្យមានប្រសិទ្ធភាពឆ្លើយតបតាមឆន្ទៈ របស់រាជរដ្ឋាភិបាលក្នុងការកែទំរង់រដ្ឋបាលសាធារណៈនៅទូទាំងប្រទេស។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។
ខេត្តកោះកុង ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល